យោងតាមការប្រកាស របស់នាយកក្រុមហ៊ុនFacebook នៅថ្ងៃសៅរ៍ទី ២០មករានេះ បានឲ្យដឹងថា Facebook នឹងបង្កើតប្រព័ន្ធពិសេសមួយ ដើម្បីចាប់ផ្តើម ធ្វើចំណាត់ថ្នាក់ លើប្រភពព័ត៌មាន ដែលគួរទុកចិត្តបាន ដែលគេចែកចាយតៗគ្នា នៅលើFacebook។ ចំណាត់ថ្នាក់នេះ នឹងអនុញ្ញាត ឲ្យFacebook លុបចោល ឬដកចេញមិនឲ្យលោតបង្ហាញ នូវព័ត៌មាន ឬសារណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ហើយអាចជាព័ត៌មានក្លែងក្លាយ បំផុសបំផុល និងពន្យុះ ឲ្យមនុស្សផ្អើលជាដើម។
បច្ចុប្បន្ននេះ ជារៀងរាល់ខែ មានអ្នកចូលទៅបើកទំព័រFacebook ប្រមាណជា២ពាន់លាននាក់ នៅទូទាំងពិភពលោក។ Facebook បានក្លាយជាប្រព័ន្ធចែកចាយព័ត៌មាន និងដំណឹងគ្រប់មុខ យ៉ាងលឿនរហ័ស។ តែទន្ទឹមនឹងនេះ ព័ត៌មាន ដំណឹង ឬសារឃោសនានានា មិនអាចសុទ្ធតែមានប្រភពគួរឲ្យទុកចិត្តបាននោះទេ។ ជាច្រើនលើកច្រើនសារមកហើយ ដែលជាអាជ្ញាធរប្រទេសមួយចំនួន បានដាក់សំពាធទៅលើFacebook ឲ្យចាត់វិធានការទប់ស្កាត់បញ្ហានេះ។
លោកនាយកFacebook បានសរសេរនៅលើទំព័ររបស់ខ្លួន នៅថ្ងៃសៅរ៍នេះថា៖ បច្ចុប្បន្ននេះ នៅលើFacebook មានដំណឹង សារជាអក្ស ឬជារូបភាព ដែលមានលក្ខណៈ និងកម្មវត្ថុ ធ្វើឲ្យអ្នកមើលផ្សេងទៀត ភ័យរន្ធត់ តក់ស្លុត ពុះកញ្ជ្រោល និងផ្អើលឈូរឆ ហួសហេតុពេក។ លោកបន្តថា៖ បណ្តាញសង្គមFacebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែកចាយព័ត៌មាន និងសារនានា ដោយសេរី និងរហ័ស។ ដូច្នេះ យើងត្រូវតែចាត់វិធានការទប់ស្កាត់ ចំពោះបញ្ហាព័ត៌មានមិនពិត បំផុសបំផុលបង្អើលមនុស្សនេះ ឲ្យបានទាន់ពេលវេលា ពុំនោះទេ វានឹងអាចហុចផលអាក្រក់ទៅដល់សង្គម។
យោងតាមការប្រកាសនេះ Facebook នឹងចាប់ផ្តើមចាប់ពីសប្តាហ៍ក្រោយទៅ នូវប្រព័ន្ធពិសេសមួយ ដើម្បីធ្វើចំណាត់ថ្នាក់ ទៅលើប្រភពព័ត៌មាន ដែលគេចែកចាយ នៅលើFacebook មិនថាព័ត៌មានដែលចែកចាយ ដោយទំព័ររបស់ប្រភពព័ត៌មានផ្ទាល់ ឬក៏ជាការចែកចាយតៗគ្នា រវាងអ្នកប្រើប្រាស់ទេ។ ព័ត៌មានណា ដែលមានប្រភពមិនច្បាស់លាស់ មិនពិតប្រាកដ មិនផ្លូវការ នឹងត្រូវលប់ចោល មិនឲ្យលោតចេញមកលើទំព័រដើមបច្ចុប្បន្នភាព របស់អ្នកប្រើប្រាស់ ផ្សេងទៀតឡើយ។
ក្រុមហ៊ុនFacebook បានបញ្ជាក់ថា ដើមឡើយ ក្រុមហ៊ុនចង់ធ្វើតារាងប្រភពព័ត៌មាន ដោយអ្នកជំនាញរបស់ខ្លួនផ្ទាល់។ តែទីបំផុតទៅ ក្រោយការពិចារណា វិធីដែល្អ គឺប្រព័ន្ធថ្មីកំណត់ចំណាត់ថ្នាក់នេះ គឺFacebook នឹងធ្វើការអង្កេត ដោយមានការចូលរួមពីអ្នកប្រើប្រាស់ទូទៅ ដែលត្រូវបញ្ចេញយោបល់ ផ្តល់ទំនុកចិត្តដល់ប្រភពនីមួយៗ។ ហើយចំណាត់ថ្នាក់នេះ គឺត្រូវកំណត់ទៅតាមប្រទេស និងតំបន់នីមួយៗដែរ។
គួរកត់សំគាល់ថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក ចុងឆ្នាំ២០១៦ Facebook ត្រូវបានគេចោទប្រកាន់ ថាបានបើកដៃឲ្យមានចរាចរណ៍ ចែកចាយ នូវព័ត៌មានមិនពិត ដំណឹងបោកប្រាស់ បំផុសបំផុលបំភ័ន្តមតិមហាជន។ បើតាមការអះអាងរបស់នាយកFacebook ព័ត៌មានប្រភេទបែបនេះ ត្រូវបានកាត់បន្ថយចំនួន២០%ហើយ ក្នុងរវាងឆ្នាំ២០១៧កន្លងមកនេះ៕
Home »
» Facebook នឹងធ្វើចំណាត់ថ្នាក់នៃ “ប្រភពព័ត៌មានគួរទុកចិត្តបាន” ដែលគេចែកចាយ
No comments:
Post a Comment