១. មានវិន័យល្អ៖
បុគ្គលដែលអាចជោគជ័យបាន ជាបុគ្គលដែលមានវិន័យល្អ ដែលវិន័យល្អនេះ អាចធ្វើឲ្យបុគ្គលនោះមានសីលធម៌ល្អ ហើយបុគ្គលដែលមានសីលធម៌ល្អ ជាបុគ្គលដែលគ្រប់ស្ថាប័នឬសង្គមទាំងមូលត្រូវការជាទីបំផុត។
២. មានគោលដៅនៃជីវិត៖
បុគ្គលម្នាក់ៗ ត្រូវតែកំណត់គោលដៅនៃជីវិតរបស់ខ្លួនឲ្យបានច្បាស់លាស់។ យុវវ័យត្រូវដឹងថា ការកំណត់គោលដៅនៃជីវិត គឺជាកត្តាដែលធ្វើឲ្យអ្នកមានឆន្ទៈ។ ឆន្ទៈគឺជាអ្នកកំណត់សកម្ម ភាពរបស់អ្នក ថាតើអ្នកនឹងធ្វើអ្វី? យុវវ័យសាកគិតទៅមើលថា ប្រសិនបើអ្នកមិនទាន់ទាំងដឹងថា ខ្លួនឯងចង់បានអ្វីផងនោះ តើធ្វើម៉េចអ្នកអាចដឹងថា ខ្លួនអ្នកត្រូវដើរទៅតាមផ្លូវណា ហើយត្រូវធ្វើអ្វីខ្លះ?ព្រោះអ្វី? ព្រោះអ្នកមិនដឹងថា តើកន្លែងណា ឬចំណុចណាដែលអ្នកចង់ទៅទេ។
ឧទាហរណ៍ សម្រាប់យុវវ័យដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ គឺប្រៀបបាននឹងយើងកំពុងតែជិះទូកមួយកណ្ដាលទន្លេ ឬសមុទ្រដូចគ្នា ហើយប្រសិនជាអ្នកមិនដឹងថាតើ ច្រាំង កំពង់ចម្លងឬផែនៅកន្លែងណា តើអ្នកអាចរៀបចំក្ដោងយ៉ាងដូចម្ដេច?
៣. ការត្រៀមខ្លួន៖
មិនមែនមានតែគំនិតសុទិដ្ឋិនិយមអាចជួយអ្នកបានទេ ។ ឧទាហរណ៍ដដែល ប្រសិនបើអ្នកស្ថិតនៅកណ្ដាលទន្លេ ហើយអ្នកមិនចេះហែលទឹក តើការគិតវិជ្ជមានថា “ខ្ញុំមិនស្លាប់ ខ្ញុំមិនលង់ ខ្ញុំនឹងអាចទៅដល់គោលដៅ” ប្រាកដថាអាចជួយអ្នកបានទេ ខណៈដែលអ្នកនឹងលង់ទឹកស្លាប់ក្នុងពេលបន្តិចទៀតនោះ? បើអ្នកមិនដែលរៀន ហើយជិតដល់ថ្ងៃប្រឡង អ្នកមានគំនិតវិជ្ជមានថាប្រឡងជាប់ តើអាចទៅរួចទេ? ត្រង់ចំណុចនេះ បន្ថែមលើការគិតវិជ្ជមាន បុគ្គលគ្រប់រូបត្រូវតែរៀនពង្រឹងសមត្ថភាពខ្លួន ត្រូវត្រៀមខ្លួនចំពោះឧបសគ្គដែលអាចជួបប្រទះតាមផ្លូវទៅកាន់គោល ដៅជីវិតរបស់អ្នក។ ការចេះវាយតម្លៃខ្លួនឯង សិក្សាចំណុចខ្លាំង ចំណុចខ្សោយ បំពេញចំណុចខ្វះខាត គួបផ្សំជាមួយគំនិតវិជ្ជមាន ភាពជឿជាក់លើខ្លួនឯងដែលជាកត្តាដែលជួយឲ្យអ្នកកាន់តែមានក្ដីសង្ឃឹម នោះអ្នកនឹងអាចសម្រេចគោលដៅបាន។
៤. ទំនាក់ទំនងល្អ៖
ទំនាក់ទំនងគឺគន្លឹះដ៏សំខាន់និងមានប្រសិទ្ធិភាពក្នុងការជួយខ្លួនអ្នកបាន។ បន្ទាប់ពីអ្នកបានវាយតម្លៃខ្លួនអ្នកហើយ ហើយរកឃើញថា អ្នកមិនមានទំនាក់ទំនងល្អ តើអ្នកត្រូវធ្វើអ្វី? អ្នកត្រូវតែកែប្រែ អ្នកត្រូវស្វែងរក ឬបង្កើតទំនាក់ទំនងឲ្យបានច្រើនជាងមុន ដូចជា អ្នកត្រូវដឹងថាតើនៅ កន្លែងណាខ្លះដែលប្រជុំដោយអ្នកមានសមត្ថភាព អ្នកមានការងារល្អ អ្នកមានចំណេះដឹងខ្ពស់ អ្នកមានទំនាក់ទំនងល្អ អ្នកពូកែ អ្នកប្រាជ្ញ អ្នកដែលអាចធ្វើជាគំរូ អ្នកដែលអាចចែករំលែកបទពិសោធន៍ ព័ត៌មានដល់អ្នកបាន? អ្នកអាចមានឱកាសជួបអ្នកទាំងនោះបានតាមរយៈចូលរួមក្នុងអង្គការ សមាគម ក្លិបយុវជន ឬចូលរួមក្នុងសិក្ខាសាលា សន្និសីទ ឬកិច្ចការសហគមន៍ជាដើមឲ្យបានច្រើន។
ក្រៅពី ៤គន្លឹះនាំឲ្យយុវវ័យជោគជ័យក្នុងជីវិត លោក គ្រូ ឃីម សុខហេង បានលើកឡើង “យុវវ័យខ្លួនឯងញៀននឹងការគិតខ្លី” គឺជាកត្តារារាំងយុវវ័យមិនឲ្យសម្រេចបានគោលដៅក្រៅពីកត្តាគួបផ្សំជាច្រើនទៀត ហើយយុវវ័យច្រើនគិតចង់បានអ្វី គឺចង់បានឆាប់និងចង់មានការតស៊ូប្រឹងប្រែងយូរឡើយ។ ការគិតខ្លី ដែលស្ដែងចេញ ជាការមិនសូវយកចិត្តទុកដាក់ និងមិនសូវប្រឹងប្រែងក្នុងការបំពេញកិច្ចការ។ កត្តានេះ នាំឲ្យយុវជនអស់សង្ឃឹម មិនជឿជាក់ សម្រេចចិត្តខុស ទៅប្រព្រឹត្តអំពើខុសឆ្គង និងនាំឲ្យមិនបានសម្រេចគោលដៅ។ ដើម្បីបំបាត់ “ភាពញៀននឹងការគិតខ្លី” នេះយុវវ័យគួរបន្ថែមការ ស្ដាប់ និងអាន ឲ្យបានច្រើន ព្រោះលោកជឿជាក់ថា ការស្ដាប់ និងអានច្រើន ជួយឲ្យយុវវ័យទទួលបានព័ត៌មានច្រើន ពង្រីកចំណេះដឹង និងគំនិតបានយ៉ាងទូលំ ទូលាយ៕
No comments:
Post a Comment