យ៉ាងហោចណាស់ មនុស្ស៨នាក់បានរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បទ្ទវហេតុផ្ទុះកាំជ្រួច កាលពីយប់ថ្ងៃទី៣១ ធ្នូ នៅតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តកែប។ ដោយឡែក គ្រោះថ្នាក់ចរាចរណ៍ នៅក្នងអំឡុងពេលឆ្លងឆ្នាំ បានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់។ យ៉ាងណាក៏ដោយ នៅមួយថ្ងៃក្រោយពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧ ចូល២០១៨ នាយប់មិញនេះ បានបិទបញ្ចប់ទៅ ដោយមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានវាយតម្លៃថា បានបញ្ចប់ទៅជាមួយនឹងភាពរីករាយពេញផ្ទៃប្រទេស។
ចូលរួមអបអរពិធីឆ្លងឆ្នាំនៅខេត្តសៀមរាប លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានកត់សម្គាល់ថា នៅសៀមរាបគឺមានមនុស្សចូលរួមឆ្លងឆ្នាំច្រើន បើធៀបទៅនឹងបណ្តាឆ្នាំមុនៗដោយមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង៣៣ម៉ឺននាក់។ បើតាមមន្រ្តីក្រសួងទេសចរណ៍ដដែល ក្នុងអំឡុងពេលឆ្លងឆ្នាំ នៅសៀមរាបនេះ មិនមានបញ្ហាអ្វីកើតឡើងឡើយ ដោយគ្រាន់តែជួបការកក់ស្ទះផ្លូវឆ្ពោះទៅកាន់តំបន់អង្គរ និងការកក់ស្ទះនៅកន្លែងកំសាន្តផាប់ស្ទ្រីតតែប៉ុណ្ណោះ។ តែអាជ្ញាធរអាចគ្រប់គ្រងបាន។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅសៀមរាបដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ប្រឈមនឹងការខ្វះកន្លែងស្នាក់នៅ ដោយពលរដ្ឋភាគច្រើនបាននាំគ្នាធ្វើដំណើរមកភ្នំពេញវិញ។ នេះបើតាមលោក វ៉ាត់ ចំរើន។

ក្រៅពីសៀមរាប ខេត្តជាប់មាត់សមុទ្ទ ក៏មានភាពកក់កុញផងដែរ។ លោក យន្ត មីន អភិបាលខេត្តបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃចន្ទថា ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរ ប្រមាណជា១១ម៉ឺននាក់ ដែលចំនួននេះ ត្រូវបានលោកអភិបាលខេត្តសន្និដ្ឋានថា គឺមានចំនួនប្រហាក់ប្រហែលគ្នានឹងរយៈពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្ទ នៅខេត្តកែបដែរ។
ទោះជាអាជ្ញាធរខេត្តសៀមរាប និងព្រះសីហនុ អះអាងពីការគ្រប់គ្រងបាននូវសុវត្ថិភាពជូនពលរដ្ឋក្នុងយប់ថ្ងៃឆ្លងឆ្នាំយ៉ាងណាក៏ដោយ តែនៅខេត្តកែបឯណេះវិញ គឺ១ម៉ោងមុនម៉ោងឆ្លងឆ្នាំមកដល់ បានកើតមានឧប្បត្តិហេតុឆេះកាំជ្រួញ បណ្តាលឲ្យមនុស្ស៨នាក់របួសស្រាល។ ស្ថិតនៅក្នុងហេតុការណ៍នោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានចេញអន្តរាគមន៍ភ្លាមៗ និងបាញ់ទឹកពន្លត់ទៅវិញ។ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ ហើយក៏បាន ត្រឡប់ទៅផ្ទះវិញក្រោយលាងរបួសរួច។ ថ្វីត្បិតតែមានបញ្ហាខ្លះក៏ដោយ តែរាត្រីឆ្លងឆ្នាំសកលនៅខេត្តកែប ទទួលបានភ្ញៀវទេសចរជាង១០ម៉ឺននាក់។
ដោយឡែកទាក់ទងនឹងរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍វិញ នៅក្នងអំឡុងពេលឆ្លងឆ្នាំកាលពីយប់មិញនេះ មានមនុស្ស៦នាក់បានស្លាប់។ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានកត់សម្គាល់ថា ឥរិយាបថអ្នកធ្វើដំណើរនាឱកាសបុណ្យឆ្លងឆ្នាំនេះ គឺមានសណ្ដាប់ធ្នាប់ល្អតាមរយៈការបើកបរមិនជែង និងគ្មានជាតិស្រវឹងជាដើម៕
No comments:
Post a Comment