ហ្វេសប៊ុក នៅថ្ងៃសុក្រនេះ បានប្រកាសថា ក្រុមហ៊ុននឹងធ្វើកំណែទម្រង់ ស៊ីជម្រៅ ដោយផ្តល់អាទិភាពទៅលើទំនាក់ទំនងមិត្តភក្តិ ហើយនិងគ្រួសារ។ ទៅតាមនយោបាយផ្លាស់ប្តូររបស់ហ្វេសប៊ុក ដែលនឹងចាប់អនុវត្តធ្វើ នៅប៉ុន្មានថ្ងៃខាងមុខ ខ្លឹមសាររូបភាព ដែលចែកចាយ រវាងមិត្តភក្តិ និងគ្រួសារ នឹងមានអាទិភាព ជាងទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន ឬស្ថាប័នសាធារណៈ។
អំណេះតទៅ រូបថត ឬវីដេអូ ដែលចែកចាយរវាងមិត្តភក្តិ និងសមាជិកគ្រួសារ នឹងលេចមុខចេញច្រើន នៅលើទំព័ររបស់អ្នកប្រើប្រាស់ហ្វេសប៊ុក។ ផ្ទុយទៅវិញ ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ស្ថាប័នសាធារណៈ និងរបស់ប្រព័ន្ធផ្សព្វផ្សាយ កាសែត វិទ្យុ និងទូរទស្សន៍ នឹងមានតិចជាងមុន នៅលើទំព័ររបស់អ្នកប្រើប្រាស់ហ្វេសប៊ុក។ នេះបើតាមនយោបាយ ចម្រោះ សម្រិតសម្រាំងថ្មី របស់ក្រុមហ៊ុនហ្វេសប៊ុក។
ក្រុមហ៊ុនហ្វេសប៊ុកដែលមានអ្នកប្រើប្រាស់ ជាង ២ពាន់លាននាក់ នៅក្នុងពិភពលោក បានសម្រេចធ្វើកំណែទម្រង់ស៊ីជម្រៅ នៅលើបណ្តាញសង្គមរបស់ខ្លួន នៅក្នុងហេតុផលសំខាន់មួយ នោះ គឺរក្សា និងទាក់ទាញអ្នកប្រើប្រាស់ហ្វេសប៊ុក ឲ្យកាន់តែច្រើនជាងមុន។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្ថាបនិករបស់ហ្វេសប៊ុក លោក Mark Zuckerberg ទទួលស្គាល់ថា ក្រុមហ៊ុនបានទទួលពាក្យតវ៉ា របស់អ្នកប្រើប្រាស់ ដែលសង្កេតឃើញថា នៅលើទំព័រដើមរបស់ពួកគេ ការចែកចាយ ខ្លឹមសារ ព័ត៌មាន ឬវីដេអូរបស់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ស្ថាប័នរដ្ឋ ឬស្ថាប័នព័ត៌មាន មានច្រើន ធ្វើឲ្យលុបបាត់ រូបភាពដែលចែកចាយដោយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ។
ដោយសារតែមិនពេញចិត្តនឹងខ្លឹមសារ របស់ហ្វេសប៊ុក អ្នកប្រើប្រាស់មួយចំនួន បានសម្រេចដើរចេញ ឬលែងសូវប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ក្នុងពេលដែលយុវជនជាច្រើន បង្ហាញអរិភាព មិនចង់ចុះឈ្មោះប្រើបណ្តាញសង្គមហ្វេសប៊ុក។
ដោយកាត់បន្ថយវីដេអូររបស់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ឬស្ថាប័នរដ្ឋ ដែលមិនមែនជាមិត្តភក្តិរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន ហ្វេសប៊ុកនឹងជួបបញ្ហាប្រឈមពីរ។ ទីមួយ គឺអ្នកប្រើប្រាស់នឹងចំណាយពេលតិចជាងមុន នៅលើបណ្តាញសង្គម។ ទី២ ចំណូលដែលក្រុមហ៊ុនបានមកពីការផ្សាយពាណិជ្ជកម្ម ក៏នឹងធ្លាក់ចុះ ដោយសារតែ អ្នកប្រើប្រាស់ មិនចំណាយពេល មើលការផ្សាយពាណិជ្ជកម្ម ដែលមាននៅក្នុងវីដេអូ នៅលើទំព័រហ្វេសប៊ុក។ សូមបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនហ្វេសប៊ុក បានផ្តល់អាទិភាពច្រើនលើការចែកចាយ រូបភាពវីដេអូដែលមានបង្កប់ដោយការផ្សាយពាណិជ្ជកម្ម ដែលបានផ្តល់ប្រាក់ចំណូលសំខាន់មួយដល់ក្រុមហ៊ុន។ ទោះអាចបាត់បង់ប្រាក់ចំណូល ប៉ុន្តែ ហ្វេសប៊ុក បញ្ជាក់ថា កំណែទម្រង់របស់ខ្លួន ធ្វើឡើងដើម្បីប្រយោជន៍ទៅថ្ងៃអនាគត និងដើម្បីផាសុខភាពរបស់អ្នកប្រើប្រាស់។ “អាទិភាពរបស់យើងនៅឆ្នាំ ២០១៨ គឺធ្វើយ៉ាងណាធានាថា ការចំណាយពេលរបស់អ្នកប្រើប្រាស់នៅលើទំព័រហ្វេសប៊ុក គឺជាការចំណាយពេលដ៏មានប្រយោជន៍” នេះជាសំដីរបស់លោកMark Zuckerberg ស្ថាបនិករបស់ហ្វេសប៊ុក នៅក្នុងសារ ជូនពរ ឆ្នាំ ២០១៨៕
Home »
» ហ្វេសប៊ុកធ្វើកំណែទម្រង់ដោយផ្តល់អាទិភាពលើទំនាក់ទំនងគ្រួសារ និងមិត្តភក្តិ
No comments:
Post a Comment