សព្វថ្ងៃនេះ មានអ្នកបម្រើការងារជាច្រើន ដែលប្រឈមនឹងសម្ពាធរិតតែ កើនឡើង ដើម្បីឆ្លើយតប នឹងតម្រូវ ការជីវិតការងារសម័យទំនើប។ ហានិភ័យផ្លូវចិត្តសង្គម ដូចជាការប្រកួតប្រជែងកើនឡើង ការរំពឹងខ្ពស់ លើ សមត្ថភាពការងារ និងចំនួនម៉ោងការងារកើនឡើង នាំឲកន្លែងបំពេញការងារក្លាយជាបរិស្ថានមួយ ដែល ពោរពេញទៅ ដោយស្ត្រេស។ នៅឆ្នាំ២០១៦នេះ ទិវាពិភពលោក សុវត្ថិភាព និងសុខភាព ការងារ ប្រារព្វ ឡើងក្រោម ប្រធានបទ «ស្ត្រេសការងារ សមត្ថកិច្ចរួមគ្នា»។ នេះបើយោងតាមការលើកឡើង របស់គេហទំព័រ អង្គការសហប្រជាជាតិ។
ទិវាពិភពលោកសុវត្ថិភាពនិងសុខភាពការងារនេះ គឺជាយុទ្ធនាការអន្តរជាតិប្រចាំឆ្នាំ ក្នុងគោលដៅលើក កម្ពស់ការងារសុវត្ថិភាព សុខភាពល្អ និងសមរម្យ។ ទិវានេះប្រារព្វឡើងជារៀងរាល់នៅថ្ងៃទី២៨ ខែមេសា តាំងពីឆ្នាំ២០០៣ ដឹកនាំ និងអង្កេតការណ៍ដោយអង្គការការងារអន្តរជាតិ ដែលហៅកាត់ថា ILO ។ ទិវានេះ ក៏តែងតែប្រារព្វស្របគ្នាជាមួយពិធីរំលឹកដល់ជនរងគ្រោះដោយជំងឺ និងគ្រោះថ្នាក់ការងារ របស់ចលនា សហភាពពាណិជ្ជកម្មពិភពលោកផងដែរ។
ជារៀងរាល់ឆ្នាំ មានបុរសនារីប្រមាណជា២លាននាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ និងជំងឺដែល ពាក់ព័ន្ធជាមួយការងារ។ លើសពីនេះ មានគ្រោះថ្នាក់ការងារចំនួន២៧០លានករណី និងជំងឺការងារ ចំនួន ១៦០លាន ករណី បានកើតមានឡើងជារៀងរាល់ឆ្នាំ នាំឲមានការខាតបង់ ប្រមាណជា២,៨ពាន់លាន ដុល្លារអាមេរិក ទៅលើចំណាយនានា ដូចជាពេលម៉ោងការងារបាត់បង់ ចំណាយលើការព្យាបាល សំណង និងការស្តារលទ្ធភាពពលកម្ម។ ជីវិត គ្រោះថ្នាក់ និងរោគាព្យាធិ នៅកន្លែងធ្វើការ សុទ្ថតែអាចបង្ការបាន និងយើងមានកាតព្វកិច្ចដែលត្រូវធ្វើ។
វប្បធម៌ជាតិនៃសុវត្ថិភាព និងសុខភាពការងារ គឺជាអ្វីមួយដែលអាចធ្វើបាន ក្នុងការបង្កើតឲ្យ មានបរិយាកាស ការងារសុវត្ថិភាពនិងសុខភាពល្អ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់កម្រិត ជាពិសេសរដ្ឋាភិបាល និយោជក និងនិយោជិត។
No comments:
Post a Comment