Home »
» ក្រសួងអប់រំជំរុញឲ្យដាក់វិន័យគ្រូបង្រៀនដែលមិនគោរពម៉ោងការងារ
ក្រសួងអប់រំជំរុញឲ្យដាក់វិន័យគ្រូបង្រៀនដែលមិនគោរពម៉ោងការងារ
ការបណ្តុះបណ្តាលគ្រូបង្រៀនស្តីពីវិធីសាស្រ្តនៃការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហម
ក្រសួងអប់រំ យុវជន និង កីឡា បានជំរុញឲ្យចាត់វិធានការពង្រឹងវិន័យ និង ការគ្រប់គ្រប់បុគ្គលិកអប់រំ ឬគ្រូបង្រៀន នៅគ្រប់គ្រឹះស្ថានអប់រំសាធារណៈទាំងអស់។ វិធានការនេះត្រូវបានដាក់ចេញតាមរយៈលិខិតផ្លូវការមួយចុះថ្ងៃទី ១៨ ខែ មករានេះ ដែលចុះហត្ថលេខាដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តឲ្យចាត់វិធាន ការពង្រឹងនូវវិន័យ និង ការគ្រប់គ្រងនៅគ្រឹះស្ថានសាធារណៈឲ្យបានល្អ។
ការដែលក្រសួងអប់រំ ដាក់ចេញវិធានការបែបនេះ ដោយសារក្រសួងមួយនេះ បានពិនិត្យឃើញថា មានបុគ្គលិកអប់រំ ឬគ្រូបង្រៀនខ្លះ នៅក្នុងគ្រឹះស្ថានអប់រំសាធារណៈមួយចំនួន នៅមិនទាន់អនុវត្ត ពេលវេលាបំពេញការងារ និង គោរពម៉ោងបង្រៀនបានពេញលេញនៅឡើយ ។ ការមិនគោរពពេលវេលានេះ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សារបស់សិស្ស ថែមទាំងជះឥទ្ធិពលមិនល្អដល់អ្នកដែលខិតខំបំពេញការងារទៀតផង។ នេះជាការបញ្ជាក់របស់ក្រសួងអប់រំ។
បើតាមក្រសួងអប់រំ ដើម្បីពង្រឹងវិន័យ និងការអនុវត្តកាតព្វកិច្ចរបស់បុគ្គលិកអប់រំ ឲ្យបានល្អប្រសើរ មន្ទីរអប់រំ រាជធានី-ខេត្ត ត្រូវពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យ វត្តមាន បុគ្គលិកអប់រំនៅគ្រឹះស្ថានសាធារណៈឲ្យបានហ្មត់ចត់។
ជាមួយគ្នានោះក្រសួងក៏ជំរុញឲ្យអនុវត្តវិន័យរដ្ឋបាល ឬវិន័យការងារចំពោះបុគ្គលិកដែលចូលយឺតហើយចេញមុនម៉ោង និង បុគ្គលិកដែលអនុវត្តកាតព្វកិច្ចដោយមិនមានការទទួលខុសត្រូវហើយប្រគល់ភារកិច្ចឲ្យអ្នកដទៃធ្វើជំនួសដោយខ្លួនឯងទៅបំពេញការងារក្រៅខុសពីបទបញ្ជា ឬយកការងារក្រៅមកឡូកឡំក្នុងម៉ោងបង្រៀនឬអវត្តមានដោយពុំមានមូលហេតុច្បាស់លាស់។ បន្ថែមលើនោះក្រសួងអប់រំក៏ជំរុញឲ្យគ្រូបង្រៀនមានការស្លៀកពាក់ឲ្យសមរម្យក្នុងពេលបំពេញការងារ ដូចជាហាម មូរដៃអាវ ជាដើម។
លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសាទរចំពោះការចេញវិធានការរបស់ក្រសួងអប់រំនេះ ប៉ុន្តែលោកស្រីចង់ឃើញវិធានការនេះត្រូវបានអនុវត្តចាប់តាំងពីថ្នាក់លើមកដល់ក្រោមឲ្យស្មើភាពគ្នា។
បើតាមប្រធានសមគមគ្រូបង្រៀនរូបនេះ ការដែលគ្រូបង្រៀនមួយចំនួនមិនសូវគោរពម៉ោងពេលទៀងទាត់នោះដោយសារតែពួកគេមានការងារពីរឬបីកន្លែង។ ការធ្វើការងារច្រើនកន្លែងមកពីពួកគេត្រូវការរកចំណូលបន្ថែមពីលើប្រាក់ខែដែលនៅមានចំនួនតិច មិនអាចចំណាយប្រចាំថ្ងៃឲ្យមានតុល្យភាពនឹងថ្លៃទំនិញ។ នេះជាការគូសបញ្ជាក់របស់លោកស្រី អ៊ុក ឆាយាវី។
បើតាមលោក ស្រី អ៊ុក ឆាយាវី គ្រូបង្រៀនបច្ចុប្បន្ន មានជាង១០ម៉ឺននាក់ ពួកគេទទួលបានប្រាក់ខែចន្លោះពី៩០ម៉ឺន ទៅ១លានរៀល៕
No comments:
Post a Comment