ក្រុងហ្សាការតាៈ លោក Joko "Jok-owi" Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានអំពាវនាវឲ្យក្រុមយុវជនទាញយកផលប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដើម្បីបង្កើតអាជីវកម្មរបស់ខ្លួនផ្ទាល់ជាជាងការធ្វើជាបុគ្គលិកឲ្យគេ។
លោកបានប្រាប់ទៅយុវជនជាង ១ ពាន់នាក់មកពីមហាវិទ្យាល័យចំនួនបី និងវិទ្យាល័យចំនួនពីរនៅទីក្រុង Bandung ក្នុងខេត្ត West Java ក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា «សហគ្រិនដែលត្រូវការ» ថា៖ «បញ្ហាសំខាន់បំផុតគឺត្រូវផ្លាស់ប្តូរគំរូ។ សូមកុំបណ្តោយឲ្យក្រុមយុវជនគិតអំពីការធ្វើជាបុគ្គលិក បន្ទាប់ពីបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យមក។
ការក្លាយជាសហគ្រិនជាជម្រើសដ៏សំខាន់របស់អ្នក មិនមែនជាផែនការចុងក្រោយនោះទេ»។
លោក Jokowi បានលើកឡើងពីបទពិសោធកូនប្រុសរបស់លោកផ្ទាល់ដែលកំពុងប្រើប្រាស់គេហទំព័រឌីជីថល ដើម្បីជំរុញអាជីវកម្មរបស់ពួកគេឲ្យរីកចម្រើនយ៉ាងឆាប់រហ័ស។
កូនប្រុសច្បងរបស់លោកគឺលោក Gibran Rakabuming Raka បានចាប់ផ្តើមអាជីវកម្មមួយឈ្មោះ martabak ដែលជាប្រភេទបង្អែម ឬនំដុតដែលផ្តល់សិទ្ធិធ្វើអាជីវកម្មពិសេសឈ្មោះថា Markobar កាលពី ៥ ឆ្នាំមុនហើយចាប់តាំងពីពេលនោះមកបានរីកច្រើនដល់ ៥ ដងច្រើនជាងតម្លៃក្រុមហ៊ុនគ្រឿងសង្ហារិមផ្ទាល់របស់លោក Jokowi។
អតីតធុរជនលក់គ្រឿងសង្ហារិមរូបនេះបានបន្តឲ្យដឹងថា៖ «តម្លៃម៉ាកយីហោរបស់ខ្ញុំ មានចំនួនប្រមាណ ៣០ ពាន់លានរ៉ូពៀ (២,១ លានដុល្លារអាមេរិក) បន្ទាប់ពីការដំណើរការអាជីវកម្មលក់គ្រឿងសង្ហារិមខ្ញុំអស់រយៈពេល ២៧ ឆ្នាំមក ចំណែកឯតម្លៃម៉ាកយីហោ martabak របស់លោក Gibran នាពេលបច្ចុប្បន្នខ្ពស់ជាង ៥ ដងក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ។
លោក Jokowi បានថ្លែងបន្តឲ្យដឹងថាសេដ្ឋកិច្ចឌីជីថលអាចនឹងផ្តល់ឲ្យប្រទេសឥណ្ឌូនេស៊ីនូវកាលានុវត្តភាពតម្លៃ ១៣០ ពាន់លានដុល្លារនៅឆ្នាំ ២០២០ តែប្រទេសឥណ្ឌូនេស៊ីចាំបាច់ត្រូវបង្កើនចំនួនសហគ្រិនដើម្បីទាញយកផលប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលនេះ។
លោកថ្លែងថា៖ «យោងតាមធនាគារពិភពលោកសហគ្រិននៅប្រទេសឥណ្ឌូនេស៊ីមានត្រឹមតែ ៣,៣១ ភាគរយនៃចំនួនប្រជាជនសរុបប៉ុណ្ណោះ។ ចំនួននេះមានតិចជាងចំនួនសហគ្រិននៅសិង្ហបុរីដែលមាន ៧ ភាគរយប្រទេសម៉ាឡេស៊ីដែលមាន ៥ ភាគរយ និងប្រទេសថៃដែលមាន ៤,៥ ភាគរយ។ តែមិនខុសគ្នាច្រើនទេបើធៀបនឹងប្រទេសវៀតណាមដែលមានត្រឹមតែ ៣,៣ ភាគរយ»៕ ANN/BP
No comments:
Post a Comment