សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា នៅថ្ងៃនេះ បានប្រកាសលុបចោលគម្រោងធ្វើបាតុកម្មនៅព្រំដែន ប្រឆាំងនឹងសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលគ្រោងធ្វើនៅសប្តាហ៍នេះ។ ការប្រកាសលុបចោលគម្រោងបាតុកម្មរបស់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា គឺក្រោយពេលអាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចលែង យកតម្លៃប្រថាប់ត្រាលើប័ណ្ណឆ្លងដែនរបស់សមាជិកនៃសមាគមនេះ ដែលភាគច្រើនជាអាជីវករ និងកម្មករ ។
លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានអះអាងប្រាប់វិទ្យុបារំាំងអន្តរជាតិ RFI ថា សមាគមពង្រឹង បានប្រកាសលុយចោលគម្រោងធ្វើបាតុកម្ម នៅសប្តាហ៍នេះហើយ ក្រោយពេល អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃទី ៨ ខែមករានេះ បានផ្តល់ដំណោះស្រាយដ៏សមស្របពី ដោយបានសម្រេចលែងយកតម្លៃប្រថាប់ត្រាលើប័ណ្ណឆ្លងដែនតទៅទៀត។
សូមរំឮកជូនថា សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា កាលពីសប្តាហ៍មុន បានដាក់លិខិតស្នើសុំការអនុញ្ញត្តិពី អាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបាតុកម្មទទូចឲ្យសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ធូរបន្ថយពីការប្រថាប់ត្រានៅលើប័ណ្ណឆ្លងដែនទៅប្រទេសថៃ។
ដំបូងឡើយ បាតុកម្មនេះ គ្រោងរៀបចំធ្វើរយៈពេល ៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៥ មុខវត្តប៉ាលេលេយ្យ ក្រុងប៉ោយប៉ែត និងមានអ្នកចូលរួមប្រមាណ ៥០០នា ដោយមានលើកបដាដាក់ឧបករណ៍ពងសំឡេង ហើយហែពីមុខវត្តប៉ាលេលេយ្យ ឆ្ពោះទៅរង្វង់មូលច្រកទ្វារព្រំដែនប៉ោយប៉ែត ។
បើតាម លោក ឌិន ពុទ្ធី មូលហេតុដែលពួកគេស្នើសុំធ្វើបាតុកម្មដោយសារពលរដ្ឋនៅក្រុងប៉ោយប៉ែត ជាច្រើននាក់មកហើយមិនពេញចិត្តនឹងប៉ូលិសច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលយកតម្លៃសេវាប្រថាប់ត្រាទៅលើប័ណ្ណចូលទៅប្រទេសថៃ ខ្ពស់ហួសហេតុ ដោយប័ណ្ណឆ្លងដែនខ្លះ ក្នុងការប្រថាប់ត្រាឆ្លងម្ដងតម្លៃ ៥០បាត និងខ្លះទៀតតម្លៃ ១០០បាត ឬប្រមាណ ១២.៥០០រៀលជាដើម។ ហើយ ការធ្វើលិខិតបញ្ជាក់សម្រាប់ធ្វើកាតចេញចូលទៅផ្សារថៃទៀតសោត ត្រូវចំណាយ ២០០បាត ឬប្រមាណ ៥ម៉ឺនរៀល៕
ប្រភពៈវិទ្យុបារាំងRFI
Home »
» សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លុបចោលគម្រោងធ្វើបាតុកម្ម ក្រោយអាជ្ញាធរប្រកាសលែងថ្លៃយកថ្លៃប័ណ្ណចូលព្រំដែន
No comments:
Post a Comment